Friday, September 25, 2015

លស់ព្រលឹងនៅកោះចន្លុះ

ថ្ងៃទី២៣កញ្ញាឆ្នាំ២០១៥ ខ្ញុំបានចូលរួមធ្វើតំណើរកំសាន្តជាមួយបុគ្គលិកស្រី-ប្រុស ដែលបានបំរើការងារ នៅក្រុមហ៊ុនជាមួយគ្នា ដែលមានអ្នកខ្លះបានធ្វើការមួយឆ្នាំ អ្នកខ្លះក៍បានមួយឆ្នាំកន្លះ ចំណែកខ្ញុំវិញ បានធ្វើការ១ឆ្នាំ៨ខែជាមួយក្រុមហ៊ុន GL Finance ។ 


Group II, Study Tours in Sihanouk Ville
23-24-25 September 2015
នេះជាតំណើរកំសាន្តដែលរៀបចំដោយក្រុមហ៊ុនដែលយើងខ្ញុំបានធ្វើការក្នុងន័យលើកទឹកចិត្តដល់បុគ្គលិក ដែលបានខិតខំប្រឹងប្រែងអស់រយះពេលមួយឆ្នាំកន្លងទៅ។ ក្រុមហ៊ុនបានជួល​ ក្រុមហ៊ុនទេសចរណ៍ ឯកជនក្នុងស្រុកមួយ ដើម្បីរៀបចំដំណើរកំសាន្ត ភ្ជាប់ជាមួយការសិក្សារយះពេល មួយព្រឹកផងដែរ​ យើងមានគ្នាទាំងអស់៥៥នាក់ រួមដំណើរកំសាន្តនេះ ។


ដំណើរកំសាន្តបានចាកចេញពីទីក្រុងភ្នំពេញវេលាម៉ោង ៦និង៣០នាទីព្រឹក ដោយឆ្ពោះចេញពីទីក្រុងភ្នំពេញសំដៅទីក្រុងព្រះសីហនុ ដោយក្តីសប្បាយរីករាយ តាមផ្លូវប្អូនប្រុស ស៊ី នួន ដែលជាមគ្គុទេសទេសចរ  បានរៀបរាប់ពីតំបន់ ភូមិសាស្រ្ត ប្រវត្តនៃខេត្តមួយចំនួននៅជាប់នឹង ខេត្តព្រះសីហនុ ។ ប្អូនប្រុសមគ្គុទេស ខិតខំធ្វើយ៉ាងដើម្បីអោយ អ្នករួមដំណើរកំសាន្តទាំងអស់មានភាពសប្បាយ មិនធុញទ្រាន់ខណះរយះពេលធ្វើតំណើរក្នុងរថយន្ត ដែលមានគ្នាជាងហាសិបនាក់។មកដល់ខេត្តកំពង់ស្ពឺ ពួកយើងក៍ឈប់សម្រាក់ទទួលទានអាហារពេលព្រឹក៤៥នាទី នាភោជនីយដ្ឋានមួយ។ រួចរាល់ក៍ចេញដំណើរបន្តទៀត ។

 មកដល់ក្រុងព្រះសីហនុម៉ោង១២ថ្ងៃត្រង់ អាកាសធាតុចាប់ផ្តើមងងឹតបន្តិច លាយជាមួយភ្លៀងឆូរៗ ពួកយើងក៍ទទួលទានបាយថ្ងៃត្រង់ ដោយក្នុងចិត្តគិតថា (បើភ្លៀងអញ្ចឹងតើយើងលេងទឹកម៉ិចនឹងសប្បាយទៅ?​) ប៉ុន្តែមិនបានប៉ុន្មាននាទីផង មេឃក៍ស្រឡះចែស ម្នាក់ៗក៍មានទឹកមុខរីករាយឡើងវិញ ។ ពួកយើងក៍បានប្រញាប់រួសរះ ចូលក្នុងសណ្ឋាគារ ទុកដាក់សម្ភារះ និងប្តូរសំលៀកបំពាក់ ដោយចាប់ផ្តើមទៅលេង ទឹកធ្លាក់ក្បាលឆាយមុនគេ។


ដោយធ្វើតំណើរតែ ២០នាទីប៉ុណ្ណោះពីក្រុងព្រះសីហនុ ពួកយើងក៍មកដល់រម្មណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ។ ទេសភាពខៀវខ្ចី ព្រៃព្រឹក្សា និងសំឡេងទឹកហូរ ធ្វើអោយក្រុមរបស់យើង រីករាយក្នុងចិត្ត ភ្លេចអស់រាល់កង្វល់ និង ភាពតានតឹងពីការងារកន្លងទៅអស់រលីង ។ 

ម្នាក់ៗទាញទូរស័ព្ទទំនើបៗ ថតរូប សែលហ្វី ជាមួយគ្នា និងអ្នកខ្លះទៀតតែងខ្លួនជាក្រមុំជនជាតិ ថតរូបបង្អួតធម្មជាតិ និងផុសចូលហ្វេសប៊ុក ចែកចាយដល់មិត្តភ័ក្តទៀតផង។ 



ម៉ោង៤រសៀល យើងបានចាកចេញពីទឹកធ្លាក់ក្បាលឆាយមកក្រុងព្រះសីហនុវិញ ដោយធ្វើតំណើរជុំវិញក្រុង និងតាមឆ្នេរ មួយចំនួនជាពិសេស មគ្គុទេសចរបង្ហាញពីកំពង់ផែអន្តរជាតិក្រុហព្រះសីហនុ ឆ្នេរសុខា ឆ្នេកន្ទុយនាគ ហើយ យើងមកឈប់សម្រាកបន្តិចនៅឆ្នេរឯករាជ្យ ដើម្បីថតរូបកំសាន្ត។
ព្រលប់មកដល់ ពួកយើងដែលមានគ្នាជាង ៥០នាក់បានរៀបចំញ៉ាំអាហារពេលយប់នាឆ្នេរអូឈើទាល ។ អាកាសធាតុ​អំណោយផលមែនទែន មេឃមិនមានភ្លៀងទេ តន្ត្រីពិរោះៗចាប់ផ្តើមជាមួយការអុជកាំជ្រូច និងបង្ហោះគោមលេង ។ 

ពួកយើក៍ត្រឡប់មកសណ្ឋាគារវិញដើម្បីសម្រាកនាម៉ោង១០ និង៣០នាទីយប់។ថ្ងៃបន្ទាប់ទី ២៤ ខែកញ្ញា ឆ្នាំ២០១៥ ពួកយើងបានចាកចេញពីសណ្ឋាគារ ដោយស្លៀកឯកសណ្ឋានក្រុមហ៊ុន ពណ៌បៃតងស្រស់ស្អាតគ្រប់ៗគ្នា រួចថតរូបជាមួយគ្នា តាមឆ្នេរអូឈើទាល់ មុនពេលទៅចូលរួមសិក្សាស្វែងយល់ ពីការងារទួទៅរបស់ក្រុមហ៊ុនមួយព្រឹក។

Training Session about Group Lease 24-September-2015


ម្នាក់ៗ សប្បាយរីករាយ ហើយខ្លះសួរមកខ្ញុំថា (បងតើបន្ទាប់ពីយើងសិក្សារួច តើពួកយើងមានកម្មវិធីទៅណាទៀត? ) ខ្ញុំក៍ងាកទៅសួរមគ្គទេសចរ គាត់ប្រាប់ថាប្រសិនបើយើងអាចបញ្ចប់ការសិក្សបានមុនម៉ោង ១២ ថ្ងៃត្រង់យើងអាចជិះទូកទៅលេងកោះបាន។ ខ្ញុំសួរបញ្ជាក់ទៀតថា កោះនោះឆ្ងាយរឺទេ ហើយបើមើលតាមអាកាសធាតុ តើអាចទៅបានអត់? បើមិនបានកុំបង្ខំព្រោះខ្ញុំគិតពីសុវត្ថិភាពសំខាន់ណាស់ ។

 មគ្គុទេសចរក៍ទូរសព្ទ័សួរ ទៅម្ចាស់ទូកតាមតែខ្ញុំបានសួរ និងក្តីបារម្មណ៍។ គាត់ថាមិនអីទេ អាកាសធាតុល្អអាចចេញទូកទៅបាន គឺទៅកោះ ប្ញស្សី។ពួកយើងសម្រេចទៅកោះប្ញស្សី តាមមគ្គុទេសចរណែនាំ បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួច ។ មកដល់កំពង់ផែ ម្នាក់ៗកាន់តែសប្បាយចិត្តរីករាយ និងខ្យល់អាកាសបរិសុទ្ធ ជាមួយរលកបោកច្រាំង និងពន្លឺថ្ងៃព្រិចៗ លើផ្ទៃសាគរ ។ មិនបង្អង់យូម្នាក់នាំគ្នាចុះទូក ដោយមានអ្នកម្ចាស់ទូក និង ព្រូទូកពីរនាក់ផ្សេងទៀតជាជំនួយការ។
58 people on the board to Bamboo Island 24-September-2015


ទូកចាកចេញពីកំពង់ផែ ផ្ទុកទៅដោយមនុស្ស ៥៨នាក់ បានបោះពួយលើផ្ទៃសមុទ្រដ៍ធំល្វឹងល្វើយ រលលកបោកជាមួយនឹងជញ្ជាំងសាចទឹក ទទឹកខ្ញុំជោក ។ 


១៥នាទីសោះផ្ទៃមេឃស្រាប់តែស្រអាប់ មានពពកខ្មៅបកផាត់ លាយឡំជាមួយទឹកភ្លៀង និងខ្យល់ផង ម្នាក់ៗចាប់ផ្តើមស្ងាត់ស្ងៀម អ្នកខ្លះក៍ពុលរលលក រហូតដល់ក្អួតអស់ម្ហូប ដែលខំញ៉ាំកាលពីមួយម៉ោងមុន ។ខ្ញុំចាប់ផ្តើមខ្វល់ក្នុងចិត្ត ហើយក៍សំដៅទៅក្បាលទូក សួរនាំជាមួយអ្នកបើកទូក វ័យប្រមាណជា ៣៨ ឆ្នាំ។ បង មេឃភ្លៀងអញ្ចឹង ហើយរលលកប៉ុណ្ណឹង តើបងធ្លាប់ចេញទូកដែរ? បើមិនកើតទេយើង បើកទីកៀនឆ្នេរ រឺក៍ត្រឡប់ក្រោយទៅណា ខ្ញុំបារម្មណ៍ណាស់។ 


គាត់តបវិញដោយទឹកមុខញញឹមថា មិនអីទេបង! រលលកប៉ុណ្ណឹងគឺធម្មតាទេ ហើយខ្យល់ប៉ុណ្ណឹងក៍ធម្មតាដែរ កុំបារម្មណ៍ពេក។ 


ខ្ញុំងាកមកខាងក្រោយ ឃើញម្នាក់ៗអស់ក្តីសប្បាយ ចំណែកប្អូនប្រុសមគ្គុទេសចេរវិញ ខិតខំនិយាយថាមិនអីទេ បន្តិចទៀតយើងទៅដល់កោះហើយ។ 

ក្នុងចិត្តខ្ញុំបន់ស្រន់អស់ហើយ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឈ ព្រះភិរុណ ព្រះគង្គា អ្នកតាទឹក អ្នកតាដី ម៉ោអស់ហើយពេញទូកដើម្បី ជួយការពារ ទូកមិនអោយមានរឿងកើតឡើង។មិនយូប៉ុន្មានទូកក៍ដឹកយើងដល់ច្រាំងកោះប្ញស្សីដោយសុវត្ថិភាព អាកាសធាតុក៍ប្រែជាស្រឡះចែស បើកថ្ងៃ រលលកស្ងប់ ធ្វើអោយម្នាក់ៗ រីករាយឡើងវិញ ។


គ្រប់គ្នាប្រញាប់ជញ្ជូនឥវ៉ាន់ឡើងគោក និងថតរូបទេសភាព ជាថ្មីម្តងទៀតនៅលើកោះ ប្អូនៗប្រុសៗនាំគ្នាលេងបាល់ លើឆ្នេរខ្សាច់យ៉ាងសប្បាយ រីករាយខណះដែលនារីៗ ផ្លាស់ប្តូសម្លាកបំពាក់ចុះលេងទឹក។ តែខ្ញុំវិញបែជាញ័រជើង ដូចសត្វកង្កែបត្រូវគេបកស្បែកប្រឡាក់អំបិល ហាលថ្ងៃអញ្ចឹង។ ខ្ញុំបានទៅសម្រាកលើអង្រឹងមួយក្រោមដើមស្រល់ មួយស្រប់សម្រួលអារម្មណ៍មកវិញ។


ពួកយើងបានចុះលេងទឹក ហើយលេងល្បែងបោះបាល់ក្នុងទឹក និងដេញចាប់គ្នាយ៉ាងសប្បាយតាមលក្ខណះជាយុវវ័យ មិនគិតខ្វល់ពីរឿងទុក្ខលំបាក រឺបញ្ហាកន្លងទៅបានបោះចោលអស់នៅទីនោះ។
Bamboo island Beach
២ម៉ោងក្រោយមក ម៉ោងប្រហែលជា ៤ល្ងាចខ្ញុំបានស្រែកប្រាប់ទៅអ្នកទាំងអស់គ្នាថា យើងមានពេល ១៥នាទីទៀត ដើម្បីរៀបចំចេញទៅវិញ អោយទាន់មេឃភ្លឺ ។ អ្នកទាំងអស់គ្នាក៍ឡើងគោករៀបចំចាកចេញ។ម្ចាស់ទូកបានខិតទូកចូលមកជិតឆ្នេរ ខ្ញុំបានរាប់មនុស្សដែលឡើងទូក ក្រែងបាត់នណាម្នាក់ រឺមានអ្នកដែលទៅបន្ទប់ទឹក រឺក៍ដើរកំសាន្តឆ្ងាយពីគេ ដោយមិនដឹងថាយើងនឹងត្រៀមចាកចេញ។ម្ចាស់ទូក និងជំនួយការពីរនាក់ទៀត ខំប្រឹងបញ្ជាទូកដែលទំលាក់យឹតថ្កា នៅបាតសមុទ្រយ៉ាងលំបាក ទូកប្រឹងរំកិលខួងដីខ្សាច់ ស្រាប់តែខ្ញុំលឺសូរស្នូបាទទូកដូចជាប៉ះនឹងវត្ថុរឹងអ្វីមួយ។ ទូកក៍បានចាកចេញពីឆ្នេរកោះប្ញស្សីសំដៅទីក្រុងព្រះសីហនុវិញ។ ផ្ទៃមេឃស្រឡះល្អ រលលកក៍មិនធំដូចកាលពីចេញដំណើរ ខ្ញុំក្រឡេកទៅក្រោយ សម្លឹងមើលអ្នកទាំងអស់គ្នា ម្នាក់ៗអស់កំលាំង ខ្លះក៍គេងលក់។



ទូកចាកចេញឆ្ងាយពីកោះប្ញស្សី ប្រមាណជា១៥នាទី ខ្ញុំសង្កេតឃើញតៃកុងទូកហាក់ដូចជាប្រឹងតំឡើល្បឿនទូក ហើយទូកដូចប្រឹងខ្លាំង ខ្ញុំក្រឡេកទៅក្រោយផ្នែកខាងក្រោយទូកហាក់ដូចជាទៀបស្មើរ និងផ្ទៃទឹក ម្ចាស់ទូកអោយ ជំនួយការរបស់ខ្លួនបញ្ជាទូកម្តង គាត់ក៍មកខាងក្រោយមើល ខ្ញុំឃើញគាត់ហាក់ដូចជាមានអ្វីផ្លែក គាត់រើគំរប ម៉ាស៊ីនចេញ ផ្សែងក៍ហុយចេញពីម៉ាស៊ីន ខ្ញុំចាប់ផ្តើមធ្លាក់ថ្លើមក្តុក ។ គាត់ក៍ប្រាប់អោយជំនួយការគាត់យកធុងទឹក មកបាចទឹកចេញពីកាប៊ិនម៉ាស៊ីន ។​ គាត់ក៍ត្រឡប់មកបញ្ជាទូកវិញ ។


ខ្ញុំសួរទៅគាត់បងមានរឿងអី គាត់ថា ទឹកចូលទូកហើយ ប្រាប់អោយគ្រប់គ្នាពាក់អាវពោងទៅ។ ចុម! អាសន្នធំហើយខ្ញុំពេលនេះ ខ្ញុំសម្លឹងទៅគ្រប់គ្នា មានតែ៤នាក់ទេដែលអត់មានអាវពោង ខ្ញុំសួរខ្លួនឯងថាក្នុងស្ថានការណ៍បែបនេះ តើខ្ញុំត្រូវធ្វើអ្វីមុនគេ? ខួក្បាលគិតអត់ចេញ ប្អូនស្រីម្នាក់មកសួរខ្ញុំទៀតបងគិតម៉េចទៅ? ខ្ញុំក៍ទាញទូរស័ព្ទទំនើបរបស់ខ្ញុំ iPhone6, iPhone5s មកចុចរកលេខ ទូរស័ព្ទ ហើយមិនដឹងទូរស័ព្ទទៅអ្នកណាគេទេ?ទូរស័ព្ទទំនើបនោះពេលមានអាសន្នតេមិនចេញទៀត ។ ប្អូនស្រី ចាន់ណាក់ ក៍ហុចទូរស័ព្ទ Nចុចពិលមកអោយខ្ញុំ ១នាទីទើបនឹងឃើញថាទូរស័ព្ទទៅមិត្តម្នាក់ ដែលរស់នៅក្រុងព្រះសីហនុ អោយជួយគាត់ជាម្ចាស់ហាង ឪសថស្ថានចំរើនច័ន្ទលីដា ប្រាប់គាត់ថា ទូកទឹកចូល សូមអោយជួយរកទូកធំមួយជាបន្ទាន់មកកោះចន្លុះ ដែលអាចផ្ទុកមនុស្សបាន៦០នាក់។



ចំណែកម្ចាស់ទូកវិញក៍ប្រឹងបញ្ជាទូកផង ទូរស័ព្ទផងទៅប្រាប់មេរបស់គាត់ អោយជួយដែរ ។ ខ្ញុំបានប្រាប់ទៅគាត់បងប្រញាប់បញ្ជាទូកទៅកោះចន្លុះជាបន្ទាន់ចំងាយពីទូក ប្រហែលជា២០០០ ទៅបីពាន់៣០០០ម៉ែត ។ ទូកប្រឹងអូសជួនទៅជួនក៍បែក្បាលទៅឆ្វេងទៅស្តាំ។ ម្នាក់ចាប់ផ្តើមភ័យ ស្លន់បន់ស្រន់ម្តងទៀត ។ ទឹកចូលកាន់តែច្រើន ម្តងផ្អៀងឆ្វេងម្តងផ្អៀងទៅស្តាំ ធ្វើអោយម្នាក់ៗផ្លាស់ប្តូរទីតាំងទៅតាមទូក។ ម្ចាស់ទូកប្រឹងបញ្ជារទូកដែលទឹកចូល ស្ទើរតែលេចម៉ាស៊ីនទូកបាត់ទៅហើយ រហូតមកក្បែផែ ឯជនមួយនៅកោះចន្លុះ ។ មកដល់ផែ មានបងប្រុសម្នាក់ស្លៀកពាកអាវទាហ៊ាន តែគាត់មិនមែនជាទាហ៊ានទេ តែជាអ្នកចាំផែនៅទីនោះគាត់ថាស្រែកថា ​កុំចូលទូកមកជិតផែ ព្រោះផែទន់ណាស់ទូកអាចបុក និងបាក់ផែរបស់គេ ។


ពួកយើងស្រែកប្រាប់គាត់ថា សូមអោយពួកយើងចូលផង យើងកំពុងមានគ្រោះថ្នាក់ យើងសំពះអង្វរគាត់ គាត់ក៍អោយបោះយឺតថ្កាអោយឆ្ងាយពីផែ រួចទូកក៍ចូល យើងនាំគ្នាំហក់ឡើងផែ ម្នាក់ម្តងៗ ដោយប្រាប់មិនអោយម្នាក់ៗជ្រួលច្របល់ឡើយ​។ពួកយើងបានឡើងលើកោះមួយទៀត គឺកោះចន្លុះដោយសុវត្ថិភាព។ ប្រមាណជា១៥នាទីក្រោយទូកក៍លិចចូលសមុទ្រ ម្នាក់ៗសម្លឹងមើលទូលិចដោយក្តីរន្ធត់។ម្ចាស់ទូកដែលខំប្រឹងប្រមូលសម្ភារះចេញពីទូស្ទើតែមិនទាន់ក៍លេចជាមួយទូដែរ តែគាត់ចេះហែលទឹក ហែលប្រមូលសម្ភារះដែលអណ្តែតទឹក មកលើគោកវិញ។


រូបភាព៖ ទូក ដែលមិនទាន់លិចចូលក្នុងសមុទ្រ


នៅលើកោះចន្លុះ មេឃចាប់ផ្តើមងងឹត ប្អូនៗប្រុសៗនាំគ្នារកមែកឈើមកបង្កាត់ភ្លើង ម្នាក់ៗមិនទាន់បាត់ភ័យតក់ស្លុត និងស្ថានការណ៍ដ៍គ្រោះថ្នាក់មួយនេះ។ ពួកយើងខិតខំទាក់ទងទៅអោយគេជួយ ក្រុមហ៊ុនទូកចេះតែសន្យាថា ២០នាទី ហើយ២០នាទីទៀត នឹងមានទូកថ្មីទៅជួយហើយ តែមិនឃើញសោះ ប្អូនខ្លះ ខំទាក់ទងទៅមិត្តភក្តិធ្វើការនៅទាហ៊ានជើងទឹក ក៍ហាក់ដូចមិនបានផល ។ រងចាំរហូតដល់ម៉ោង ៧យប់ ទើបឃើញមានទូកលឿន មួយគ្រឿងមកទទួល ។ 

ពួកយើងត្រេកអរពន់ពេក ជីវិតជីវ៉ាហាក់មានពន្លឺឡើងវិញ។ ទូកថ្មីបាននាំពួកយើងមកដល់ច្រាំងវិញនៅម៉ោង ៨យប់។ ដោយភាពតក់ស្លត់ផង ពុលរកលលក ជាថ្មីផង មានប្អូនពីរនាក់សន្លប់ ត្រូវបានបញ្ជួនមកព្យាបាល និងបញ្ចូលសេរ៉ូមសង្គ្រោះ។ អរគុណដល់ ម្ចាស់ឪសថស្ថានចំរើនច័ន្ទលីដា ដែលជួយមកដាក់សេរ៉មអោយដល់បន្ទប់សណ្ឋាគារ។ អរគុណដល់ប្អូនៗទាំងអស់គ្នាដែលចេះជួយគ្នាក្នុងគ្រាមានអាសន្ន ។


សរុបសេចក្តីទៅ តំណើរកំសាន្តមួយលើកនេះ ធ្វើអោយពួកយើងចងចាំមិនភ្លេច​ មានគ្រប់រសជាតិ សប្បាយរីករាយ ភ័យរន្ធត់តក់ស្លត់ដូចក្នុងរឿងរឺក៍ការសម្តែងកុន ដូចជាទីតានិច រឺក៍ យន្តហោះធ្លាក់ MH730 របស់ម៉ាឡេស៊ីដែរ។ជាចុងក្រោយ ខ្ញុំសូមធ្វើការណែនាំដល់ការធ្វើដំណើរក្រោយៗទៀត សូមអោយមានការត្រៀមទុកជាមុន ក្នុងករណីហេតុការណ៍កើតឡើងដូចហេតុការណ៍នេះ។


ម្ចាស់ទូកត្រូវមានឧបករណ៍បូមទឹកបំរុង សម្រាប់បូមទឹកក្នុងករណីទឹកចូលទូកបែបនេះ ហោចណាស់ក៍អាចធ្វើតំណើរដល់ទីសុវត្ថភាពបណ្តោះអាសន្នមួយ។អ្នករៀបចំដំណើរកំសាន្ត ក៍ត្រូវរកដៃគួរ (ទូក) ដឹកអ្នកទេសចរណ៍ ដែលមានសុវត្ថិភាពបំផុត មិនត្រូវយកទូកដែល មិនគ្រប់បរិមាណផ្ទុកអ្នកជិះឡើយ ។


អាវពោងសុវត្ថភាពត្រូវតែមានគ្រាប់គ្នា ព្រោះនៅក្នុងហេតុការណ៍ មានមនុស្ស៤ នាក់ដែលគ្មានអាវពោងពាក់។ អ្នកធ្វើតំណើរតាមទឹក មិនត្រូវស្លៀកសម្លាកបំពាក់ដែលធ្ងន់រឺជក់ទឹកខ្លាំ ដូចជាខោខៅប៊យ រឺស្បែកជើងប៉ាតាឡើយ សូម្បីតែនាឡិកាដៃ។អាជ្ញាធរដែនសមុទ្រគួរតែគ្រប់គ្រង ពីការចេញទូក កំណត់ម៉ោង និង មានវិទ្យុទាក់ទងគ្រប់ទូកដឹកភ្ញៀវទាំងអស់ សម្រាប់ទំនាក់ទំនងជាប់រហូត ដល់ទូកត្រឡប់មកវិញ។គ្រប់ទូកដឹកភ្ញៀវត្រូវតែមាន ឧបករណ៍ប្រកាស់ជំនួយ កាំភ្លើងសុំជំនួយ ព្រោះបើយើងជាប់នៅលើកោះពេលយប់ នោះអ្នកជួយពិបាករកយើង ព្រោះងងឹត។


សង្ឃឹមថារឿងរ៉ាវដែលកើតមាន នេះជាបទពិសោធន៍មួយសម្រាប់ បងប្អូនរបស់អ្នក មុនពេលសម្រេចចិត្តដើរកំសាន្តតាមកោះ ដើម្បីជាការប្រុងប្រយ័ត្ន៕



Mr. Sam, Author of Bamboo Island Scary.

និពន្ធដោយ: (មាស​សំអុល)
កាលបរិច្ឆេទ ថ្ងៃទី ២៣
-២៤-២៥ ខែ កញ្ញា ឆ្នាំ២០១៥
ទីកន្លែង ខេត្តព្រះសីហនុ



No comments:

Post a Comment